ស្ថាប័ន ២ ​រួមគ្នា​ដើម្បី​ផ្តល់​លទ្ធភាព​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ដល់ SME

ស្ថាប័ន ២ ​រួមគ្នា​ដើម្បី​ផ្តល់​លទ្ធភាព​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ដល់ SME

ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​លទ្ធភាព​បន្ថែមទៀត​លើ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និងមធ្យម (SME) ជាពិសេស​សហគ្រិន​ស្ត្រីក្រុមហ៊ុន​ក្រេ​ឌី​តប្យួ​រ៉ូខេ​ម​បូ​ឌា (CBC) និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ដើម្បី​លើកកម្ពស់​គម្រោង​គាំទ្រ​ការធានា​ឥណទាន និង​ការទទួលយក​ការវិភាគ​ទិន្នន័យ​ក្នុងការ​សម្រេចចិត្ត​ឥណទាន​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ទូទាំងប្រទេស​កម្ពុជា​។

​ស្ថាប័ន​ទាំង ២ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) នៅ​ថ្ងៃទី ១១ ខែសីហា ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​ឥណទានដោយ​ផ្តល់នូវ​ការវាយតម្លៃ​កម្ចី​កាន់តែ​ប្រកបដោយ​តម្លាភាពដល់​សហគ្រិន​ស្ត្រីនិង SMEs​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ពី​ CBC​។​

​យោងតាម MoU នេះ ​CBC នឹង​ផ្តល់នូវ​ព័ត៌មាន​ប្រវត្តិ​ឥណទាន​ដែល​ផ្សារភ្ជាប់​ព័ត៌មាន​អ​សមប្បមាណ​រវាង​អ្នក​ខ្ចី និង​គ្រឹះស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ​ដែល​កាត់​បន្ថយថ្លៃ​ចំណាយ​ប្រតិបត្តិការ​នៃ​ការផ្តល់​កម្ចី និង​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​។ ខណៈដែល CGCC នឹង​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុនឬ​អាជីវកម្ម​ដែលមាន​លទ្ធភាព​សងតែ​ខ្វះ​ទ្រព្យ​បញ្ចាំ​ពេល​ដាក់​ស្នើ​កម្ចី​។ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ការគាំទ្រ​ពី CGCC កំពុង​បន្ត​ចូលរួមចំណែក​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ចជំរុញ​ការផ្តល់​ឱកាស​ការងារនិង​ស្ថិរភាព​សេដ្ឋកិច្ច​។

​លោកអឿសុធា​រ័ត្នប្រធាន​នាយក​ប្រតិបត្តិ CBC មានប្រសាសន៍​ឱ្យដឹងថា​៖«​ភាពជា​ដៃគូ​នេះបង្ហាញ​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រីនិង​ម្ចាស់​សហគ្រាស​ខ្នាតតូចនិង​មធ្យមក៏ដូចជា​ការធានា​នូវ​វិធីសាស្ត្រ​ប្រកបដោយ​តម្លាភាពទំនុកចិត្តនិង​ការបញ្ចូល​ទិន្នន័យសម្រាប់​បង្កើត​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​នៅក្នុង​ប្រទេស​នេះ​។​

​លោក​ថ្លែងថា​៖ «​កិច្ចសហការ​រវាង CBC និង CGCC នឹង​អាច​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើងនិង​សម្រួល​ដល់​តម្រូវការ​នៃ​ការគាំទ្រ​បន្ថែម​ជាច្រើន​ដល់ SMEs»​។​

លោក Wong Keet Loong​អគ្គនាយក CGCC ក៏បាន​គូសបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា៖«​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​នេះ CGCC នឹង​អាចបង្កើត​ទម្រង់​ឥណទាន​នៃ​កម្ចី​ដែលមាន​ការធានា​ដោយ​ប្រើពិន្ទុខេស្ករ (K-Score) របស់ CBC ជា​ឯកសារយោង​សម្រាប់​ការវាយតម្លៃ​ឥណទាន​របស់​អ្នក​ខ្ចី​ដែលមាន​ការធានា​របស់​យើង​»​។​

​លោក​បន្ថែមថា​៖ «​នៅពេលដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) រាយការណ៍​ពី​ការផ្តល់​កម្ចី​ដែលមាន​ការធានា​នៅក្នុង​របាយការណ៍​ប្រចាំខែ​របស់​ពួកគេ​ទៅកាន់ CBC ទិន្នន័យ​នេះ​នឹងមាន​ប្រយោជន៍​ក្នុងការ​ចាប់យក​ទម្រង់​របស់​អ្នក​ខ្ចី​ដែលជា SMEs នៅ​កម្ពុជាដែល​ទទួលបាន​កម្ចី​មានការ​ធានា​។ការណ៍​នេះ​នឹង​ជួយ​សម្រួល​បន្ថែមទៀត​ដល់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់ SMEs»​។​

​យោងតាម CCC កិច្ចសហការ​គ្នា​នេះនឹង​អាចឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថលការរាយការណ៍​កម្រិត​ខ្ពស់និង​ឧបករណ៍​វិភាគ​ទិន្នន័យ​ពី CBC ដើម្បី​ធ្វើការ​វាយតម្លៃ​អំពី​ហានិភ័យ​ជាក់លាក់​របស់​អ្នក​ខ្ចីនិង​តាមដាន​អំពី​ការប្រើប្រាស់​កម្ចី​របស់​ពួកគេ​ផងដែរ​។​

«​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​ផងដែរ CGCC និង CBC ប្តេជ្ញា​សហការគ្នា​កសាង​នូវ​សកម្មភាព​បង្កើន​ការយល់ដឹងនិង​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុនិង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុនៅក្នុង​ប្រទេស​កម្ពុជា​»​។នេះ​បើ​យោងតាម CCC៕

Credit to: ភ្នំពេញ ប៉ុស្តិ៍, ១៤ សីហា ២០២២