ធនាគារ ABA ចាប់ដៃគូជាមួយ CGCC ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម

Credit to: Business Cambodia

ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា(CGCC) ជាសហគ្រាសសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងធានាឥណទានកាលពីថ្ងៃទី 11 ខែ វិច្ឆិកា ឆ្នាំ 2021។ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ABA នឹងផ្ដល់ប្រាក់កម្ចីដែលធានាដោយ CGCC ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសមីក្រូ, សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម​ធំៗក្នុងប្រទេសកម្ពុជាក្នុងការពង្រីកអាជីវកម្ម ការវិនិយោគ និងសម្រាប់ជាទុនបង្វិល។

ភាពជាដៃគូនេះ អាចឲ្យធនាគារ ABA គាំទ្រ និងជួយដល់អាជីវកម្មដែលមានលទ្ធភាពបង់សង តែខ្វះទ្រព្យតម្កល់នៅពេលស្នើសុំប្រាក់កម្ចី ដោយប្រើប្រាស់គម្រោងធានាឥណទានរបស់ CGCC។​ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA អាចជួយអាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ដោយផ្ដល់ជូនពួកគេនូវកម្មវិធីដែលអាចទទួលបាន និងកាន់តែរហ័ស ថែមទាំងទទួលបានកម្ចីខ្ពស់ទៅលើវិស័យដែលជាអាទិភាព។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ និងជាគោលដៅរបស់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា។ ដោយសារការគ្រប់គ្រងបទប្បញ្ញត្តិ និងហានិភ័យ ធនាគារតម្រូវឲ្យអ្នកដែលមានបំណងខ្ចីប្រាក់ត្រូវគោរពតាមបញ្ជីលក្ខណវិនិច្ឆ័យ រួមមានប្រវត្តិឥណទាន ស្ថានភាពហិរញ្ញវត្ថុ និងទ្រព្យតម្កល់។មិនមែនគ្រប់អាជីវកម្មសុទ្ធតែអាចបំពេញតាមលក្ខណវិនិច្ឆ័យទាំងនេះទេខណៈដែលការរីករាលដាលជាសកលនៃជំងឺកូវីដ 19 បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មកាន់តែច្រើន។ គម្រោងធានាឥណទាន​ ត្រូវបានផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ជាយន្ដការចែករំលែកហានិភ័យរវាងធនាគារ ABA និង CGCC ដែលបណ្ដាអាជីវកម្មមិនគ្រប់លក្ខណវិនិច្ឆ័យក្នុងការខ្ចីប្រាក់ នៅតែអាចស្នើសុំខ្ចីបានពីធនាគារ ABA​ បាន។ ធនាគារនឹងពិចារណាលើសំណើទាំងនោះដោយផ្អែកលើគោលនយោបាយឥណទាន របស់ខ្លួននិងការវាយតម្លៃសំណើកម្ចី ខណៈដែលយើងផ្ដល់អាទិភាពចម្បងលើវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។”

លោកបន្ថែមទៀតថា៖ “យើងខ្ញុំនៅធនាគារABA ចាប់ដៃគូជាមួយ CGCC ក្នុងការផ្តល់ជូនបណ្ដាអាជីវកម្មធុនតូច និងមធ្យមជាមួយនឹងការស្នើសុំកម្ចីកាន់តែងាយស្រួលជាងមុន​ និងដើម្បីបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដែលស្របនឹងបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់យើង។”

លោក Wong Keet Loong នាយកប្រតិបត្តិ CGCC បានបញ្ជាក់ថា៖ “CGCC ត្រូវបានបង្កើតឡើងក្នុង គោលបំណងបង្កើនកំណើនប្រាក់កម្ចីក្នុងវិស័យធនាគារ។ ជាមួយគម្រោងធានាឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុអាចផ្ដល់កម្ចីកម្រិតខ្ពស់ជាងមុន។ ខណៈដែលសេដ្ឋកិច្ចកំពុងបើកដំណើរការឡើងវិញម្ដងទៀត តម្រូវការប្រាក់កម្ចីពីសហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកអាជីវកម្មកាន់តែមានការកើនឡើង។”

លោកបន្ថែមទៀតថា៖ “សេវាធានាឥណទានរបស់ CGCC នឹងដើរតួជាផ្នែកមួយនៃទ្រព្យតម្កល់សម្រាប់កម្ចី ធនាគារ ដូច្នេះវាជួយកាត់បន្ថយទ្រព្យតម្កល់ដែលតម្រូវពីអ្នកខ្ចី។ ធនាគារ ABA ដែលជាធនាគារ លំដាប់កំពូលមួយ មានកំណើនកម្ចីរឹងមាំ និងមានបណ្ដាញសាខាទូលំទូលាយ នឹងក្លាយជាយុទ្ធសាស្រ្ដ របស់យើងក្នុងការសម្រេចគោលបំណងនេះ។ យើងសង្ឃឹមថា ភាពជាដៃគូនេះនឹងជួយដល់សហគ្រាស ធុនតូច និងមធ្យមជាច្រើនបន្ថែមទៀត។”

អត្ថបទគួរចាប់អារម្មណ៍ សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”