CGCC ចូលរួមក្នុងសិក្ខាសាលា ស្តីពីការជំរុញសហហិរញ្ញប្បទាន ដើម្បីលើកកម្ពស់សហគ្រិនបច្ចេកវិទ្យាថាមពលព្រះអាទិត្យ ក្នុងវិស័យកសិវារីវប្បកម្ម

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល របស់ CGCC បានចូលរួមធ្វើជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលា​ ស្តីពី​ការជំរុញ​សហហិរញ្ញប្បទាន ដើម្បី​លើក​កម្ពស់​សហគ្រិន​បច្ចេក​វិទ្យា​ថាមពល​ព្រះអាទិត្យ​ ក្នុង​វិស័យកសិវារីវប្បកម្ម ក្នុង​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និងការវិនិយោគសម្រាប់ការអភិវឌ្ឍថាមពលស្អាត សម្រាប់ការវិនិយោគក្នុងទម្រង់ចម្រុះ ទាំង​ជំនួយ និងកម្ចី។

លោកស្រី សាន សុខរីណា បានបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានចម្រុះ ជាមូលនិធិដែលអាចរកបានរួមបញ្ចូលគ្នាពីប្រភពផ្សេងៗគ្នា អាចដើរតួយ៉ាងសំខាន់ក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញប្បទាន និងជំរុញកំណើននៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។