
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តក្រចេះ
ខែធ្នូ 20, 2023ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តក្រចេះ ក្រោមកិច្ចសហការចូលរួមដោយ សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី ដែលក្នុងនោះមានសមាសភាពចូលរួមពី សំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តក្រចេះ និងបណ្ដាខេត្តផ្សេងៗទៀត ជាង៦០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីដោយ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌល ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី លោក ណូ លីដា អគ្គនាយករង CGCC លោក ហ៊យ សិក្សា នាយកប្រតិបត្តិរងនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ព្រមទាំងការធ្វើបទបង្ហាញរបស់អ្នកតំណាងមកពី ធនាគារព្រីនស៍ និងធនាគារហ្វីលីព ផងដែរ។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានជ្រាបអំពីព័ត៌មាននៃអត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ខ្លួនទៀតផង។