ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់ រវាង សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ កាណាឌីយ៉ា

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់ រវាង សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ កាណាឌីយ៉ា

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខមួយក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ធានាឥណទានជាកញ្ចប់ ដើម្បីផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម សម្រាប់អាជីវកម្មលក់រាយ និងបោះដុំ នៅក្នុងប្រទេស។

កិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់រវាង CGCC និងធនាគារ កាណាឌីយ៉ា មានគោលបំណងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការទទួលបានកម្ចីដែលមានការធានា បានឆាប់រហ័ស និងងាយស្រួល ពីធនាគារកាណាឌីយ៉ា ទោះបីជាមិនមានទ្រព្យធានាគ្រប់គ្រាន់ សម្រាប់ទាំងដើមទុនបង្វិល និងការវិនិយោគ ឬពង្រីកអាជីវកម្ម សំដៅចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក្រោមគម្រោងធានាឥណទានជាកញ្ចប់នេះ ធនាគារកាណាឌីយ៉ា អាចបញ្ចេញកម្ចីដែលត្រូវតាមលក្ខខណ្ឌ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយមិនចាំបាច់ស្នើសុំការអនុម័តការធានាឥណទានពី CGCC លើកម្ចីម្តងមួយៗ។

ក្នុងឆ្នាំ២០២១ ធនាគារ កាណាឌីយ៉ា គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងមួយដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) របស់CGCC ក្នុងការផ្តល់កម្ចីនិងឥណទានដែលមានការធានាដល់ធុរកិច្ច ក្រុមហ៊ុន ឬសហគ្រាស ដើម្បីពង្រឹងសង្វាក់អាជីវកម្ម និងពង្រីកប្រតិបត្តិការឡើងវិញ ក្រោយពីបានទទួលរងការប៉ះពាល់សេដ្ឋកិច្ចពីការរាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីលើនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពានរង្វាន់ “គ្រឹះស្ថានហិរញ្ញវត្ថុឆ្នើមចំណាត់ថ្នាក់ទីមួយ របស់ CGCC” ដែលជាធនាគារបានបញ្ចេញកម្ចីដែលមានការធានាច្រើនជាងគេសម្រាប់ឆ្នាំ២០២២ កន្លងទៅនេះ។

ជាមួយនឹងវត្តមាន និងបណ្តាញសាខាទូទាំងវិស័យហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង​ CGCC និងធនាគារ កាណាឌីយ៉ា នឹងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការឥណទានដែលមានការធានា ដែលផ្តល់នូវផលវិជ្ជមានទៅកាន់ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាលើកទឹកចិត្តដល់សហគ្រិន ដោយការផ្តល់នូវជម្រើសហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់កំណើន និងពង្រីកអាជីវកម្មរបស់ពួកគាត់។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា បានបង្ហាញអំពីភាពរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដោយលោកបានមានប្រសាសន៍ថា “យើងខ្ញុំមានក្តីសោមន្សរីករាយជាខ្លាំង ដែលបានពង្រឹងភាពជាដៃគូជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់កំណើននៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ជាមួយនឹងកិច្ចព្រមព្រៀងខាងលើនេះ ធនាគារ កាណាឌីយ៉ា មានសុទិដ្ឋិនិយមថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា នឹងកាន់តែមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីធ្វើការពង្រឹងសមត្ថភាព និងពង្រីកសង្វាក់ផលិតកម្មនៃអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។”

លោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏មានសេចក្តីសោមន្សរីករាយក្នុងការសហប្រតិបត្តិការនេះដែរ។ លោកមានប្រសាសន៍ថា “គម្រោងធានាឥណទានជាកញ្ចប់ (PGS) នេះផ្តោតជាពិសេសសម្រាប់អាជីវកម្មលក់រាយ និងបោះដុំ។ គម្រោងនេះបង្កើតឡើងដើម្បីពង្រីកការការផ្តល់កម្ចីជូនដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យនេះ ដើម្បីអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន។ គម្រោងនេះក៏កាន់តែលើកស្ទួយដល់កិច្ចប្រឹងប្រែងរបស់ CGCC និងធនាគារកាណាឌីយ៉ា ក្នុងការគាំទ្រការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ដែលជាចលករដ៏សំខាន់ ដល់សេដ្ឋកិច្ចកម្ពុជា និងការបង្កើតឱកាសការងារ។

ធនាគារកាណាឌីយ៉ា គឺជាគ្រឹះស្ថានដ៏សកម្មមួយ ក្នុងការផ្តល់កម្ចីដែលមានការធានាច្រើនជាងគេរបស់ CGCC ហើយភាពជាដៃគូនេះនឹងកាន់តែពង្រឹងជំហររបស់ធនាគារកាណាឌីយ៉ាក្នុងនាមជាស្ថាប័នមួយដែលគួរជាទីទុកចិត្ត និងជាប្រភពផ្តល់ហិរញ្ញប្បទានដែលប្រកបដោយទំនុកចិត្តខ្ពស់ សម្រាប់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ។ កិច្ចសហការរួមគ្នានេះនឹងកាន់តែពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងលើកស្ទួយការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ MSMEs។

 

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន “Best SME Bank” ពីស្ថាប័ន Digital Banker និងពាន “Best Retail Bank” ពីស្ថាប័ន The Asian Banker សម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

 

អំពីសាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

 

Credit to: Business CambodiaFresh News