Courtesy visit by CGCC to NBC to discuss on the current situation of the credit market in Cambodia

ជំនួបសម្តែងការគួរសម និងពិភាក្សាលើស្ថានភាពនៃទីផ្សារឥណទាននៅកម្ពុជា របស់ CGCC ជាមួយធនាគារជាតិនៃកម្ពុជា

នាថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការធនាគារជាតិនៃកម្ពុជា (NBC) លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ NBC រួមជាមួយនឹងសហការី។

លោកអគ្គនាយក CGCC បានសម្តែងក្តីសោមនស្ស ចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ឯកឧត្តមឧបការីទេសាភិបាល និងបានជម្រាបជូន អំពីវឌ្ឍនភាពការងាររបស់ CGCC ក្នុងការផ្តល់ការធានាឥណទាននារយៈកាលកន្លងមក ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ CGCC ដែលចាំបាច់ត្រូវការការសហការ និងការគាំទ្រពី NBC។

ជាកិច្ចឆ្លើយតប ឯកឧត្តមឧបការីទេសាភិបាល បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ CGCC និងបានបង្ហាញការគាំទ្រដល់បេសកកម្មរបស់ CGCC ក្នុងការផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនអាជីវកម្ម ដែលខ្វះទ្រព្យធានា ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​​ និង​​ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគ្រាសទាំងនោះ។

អង្គប្រជុំក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពសំខាន់ៗក្នុងវិស័យធនាគារ និងក្របខ័ណ្ឌបទប្បញ្ញត្តិថ្មីៗរបស់ NBC ព្រមទាំងអនុសាសន៍នានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ឈរលើស្មារតីរួម គឺបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ប្រកបដោយប្រសិទ្ធភាព៕