សហគ្រិនស្រ្តីនៅក្នុងវិស័យសំណង់-ការជម្នះផ្នត់គំនិតសង្គម ឆ្ពោះទៅការរីកចម្រើននៃអាជីវកម្ម ជាមួយនឹងកម្ចីដែលមានការធានា

សហគ្រិនស្រ្តីនៅក្នុងវិស័យសំណង់-ការជម្នះផ្នត់គំនិតសង្គម ឆ្ពោះទៅការរីកចម្រើននៃអាជីវកម្ម ជាមួយនឹងកម្ចីដែលមានការធានា

អាននិងទាញយកអត្ថបទជា PDF: លោកស្រី ដួង សុផាវី ម្ចាស់អាជីវកម្មវីភីផ្ទះចល័ត

“ការងារនេះ មិនសាកសមនឹងស្ត្រីទេ។” នាងខ្ញុំតែងតែលឺមតិនេះ ពីមនុស្សជុំវិញខ្ញុំជាញឹកញយ ប៉ុន្តែនាងខ្ញុំមិនដែលរាថយនោះទេ។ ក្នុងឆ្នាំ២០១៨ នាងខ្ញុំបានចាប់ផ្តើមអាជីវកម្ម “វីភីផ្ទះចល័ត” ដោយសាងសង់ផ្ទះ ការិយាល័យ ហាងកាហ្វេ និងសំណង់ផ្សេងៗទៀត ដែលអាចដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតបាន។ ក្នុងរយៈពេលមួយ​ឆ្នាំដំបូង ​អាជីវកម្មរបស់ខ្ញុំ​នៅមិន​មាន​ទីផ្សារនោះ​ទេ។ ​​ដោយសារចិត្តស្រលាញ់ នាងខ្ញុំ​សុខ​ចិត្ដ​បោះ​បង់​មុខ​របរ​ជា​ច្រើនមក​ចាប់យក​អាជីវកម្ម​នេះ ​ហើយនៅតែ​ប្រឹង​ប្រែង​ទាំងការធ្វើទីផ្សារបែបឌីជីថល ការប្រើប្រាស់ទុនដែលមានស្រាប់ផ្ទាល់ខ្លួនរបស់ខ្លួន និងការស្វែងរកទុនបន្ថែមពីគ្រឹះស្ថានហិរញ្ញចវត្ថុ រហូតដល់អាជីវកម្មរបស់នាងខ្ញុំចាប់ផ្តើមមានការទទួលស្គាល់នៅដើមឆ្នាំ២០២០។

សព្វថ្ងៃនេះ ក្នុងមួយខែៗ នាងខ្ញុំទទួលបានការបញ្ជាទិញពីអតិថិជនប្រហែលពី ១០ ទៅ១៥ខ្នង ជាមធ្យម។ ស្របពេលជាមួយនឹងអាជីវកម្មមានការរីកចម្រើន ខ្ញុំពិតជាមានបញ្ហាស្ទះសាច់ប្រាក់ ដោយសារតែអតិថិជនបង់ប្រាក់កក់មកខ្ញុំត្រឹមតែ ៣០% នៃតម្លៃផ្ទះតែប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវការលុយបង្វិលឱ្យបានទាន់ពេលវេលា សម្រាប់បង្រ្គប់នូវថ្លៃចំណាយផ្នែកប្រតិបត្តិការនានា មុននឹងទទួលបានការទូទាត់ដែលនៅសេសសល់ពីអតិថិជន។ នាងខ្ញុំបានទៅរកធនាគារស្នើកម្ចីជាទុនបង្វិលសម្រាប់អាជីវកម្ម ប៉ុន្តែនាងខ្ញុំមិនមានទ្រព្យធានា ដោយសាររាល់ទ្រព្យរបស់នាងខ្ញុំបានដាក់ធានាកម្ចីមុនៗអស់បាត់ទៅហើយ។ ពេលនោះ ខ្ញុំគិតថា បើគ្មានទ្រព្យធានា ធនាគារនឹងមិនអាចផ្តល់កម្ចីមកឱ្យខ្ញុំបានទេ។ ប៉ុន្តែ ជាមួយការធានាឥណទានពី CGCC ខ្ញុំក៏បានទទួលកម្ចីអាជីវកម្មពីធនាគារស្ថាបនា ដោយមិនចាំបាច់ត្រូវការទ្រព្យធានា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានាពី CGCC ខ្ញុំបានយកវាទៅបន្ថែមជាទុនបង្វិល ដែលអាចឱ្យខ្ញុំអាចបន្តផ្តល់សេវាធ្វើផ្ទះចល័តជូនដល់អតិថិជនទាន់ពេលវេលា។

ការទទួលបានកម្ចីដែលមានការធានានេះ អាស្រ័យលើសក្តានុពលនៃអាជីវកម្មរបស់យើង ពោលគឺលទ្ធភាពនៃរីកចម្រើនទៅមុខ និងការកសាង និងថែទាំប្រវត្តិឥណទានឱ្យបានល្អ ក៏ដូចជាបំពេញគ្រប់នូវឯកសារតម្រូវ ដែលអាចបញ្ជាក់ពីភាពទុកចិត្ត និងការតាំងចិត្តរបស់ម្ចាស់អាជីវកម្មក្នុងការប្រើប្រាស់កម្ចីឱ្យចំគោលដៅ។ នាងខ្ញុំបានទទួលកម្ចីដោយជោគជ័យដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មរបស់នាងខ្ញុំ ជាមួយការធានាឥណទានរបស់ CGCC ដោយដើរតួជាទ្រព្យធានា តាមរយៈគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC៕