CGCC and CIMB Bank Joint Hands to Provide Guaranteed Loans for Businesses that Lack Collaterals

សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ CIMB ចាប់ដៃគូសហការផ្តល់កម្ចីមានការធានា ដល់អាជីវកម្មដែលខ្វះទ្រព្យធានា

(ភ្នំពេញ) ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ CIMB បានប្រកាសជាផ្លូវការនូវភាពជាដៃគូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីផ្តល់កម្ចីដែលមានការធានាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមក៏ដូចជាក្រុមហ៊ុនអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ឱ្យមានលទ្ធភាពទទួលបានកម្ចីអាជីវកម្មកាន់តែច្រើន ក្នុងការពង្រីកអាជីវកម្ម វិនិយោគ និងទុនបង្វិល។

ភាពជាដៃគូរវាង CGCC ដែលជាសហគ្រាសសាធារណៈ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និង ហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនិងធនាគារ CIMB ដែលជាធនាគារពាណិជ្ជមានបណ្តាញសាខាជាច្រើននៅកម្ពុជា នឹងបង្កើនការគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មដែលមានតម្រូវការហិរញ្ញវត្ថុ ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចី ឱ្យទទួលបានកម្ចីដែលមានការធានាក្នុងការអភិវឌ្ឍនិងទ្រទ្រង់អាជីវកម្ម។

លោក Wong Keet Loong អគ្គនាយក CGCC បានលើកឡើងថា ភាពជាដៃគូជាមួយ ធនាគារ CIMB កម្ពុជា នឹងបង្កើនចំនួនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ដល់ទៅ២៥ស្ថាប័ន ក្នុងការផ្តល់កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីភាពរីកចម្រើននៃអាជីវកម្ម”។

លោកបានបន្តទៀតថា ៖ “គិតមកត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ CGCC បានផ្តល់ធានាឥណទានដល់ទៅជិត ៩០០ ក្រុមហ៊ុន/អាជីវកម្មក្នុងរង្វង់ទឹកប្រាក់ប្រហាក់ប្រហែល ៨៥ លានដុល្លារសហរដ្ឋអាមេរិក។ យើងមានសុទិដ្ឋិនិយមថា ការធានាឥណទាននឹងត្រូវបានប្រើប្រាស់ជាយន្តការចែករំលែកហានិភ័យដ៏ប្រសើរមួយ សម្រាប់ការផ្តល់ប្រាក់កម្ចីទៅកាន់ MSMEs ក្នុងដំណាក់កាលស្តារឡើងវិញនៃសេដ្ឋកិច្ចជាតិ។ កម្ចីដែលធានាពី CGCC នឹងបង្កើនទំនុកចិត្តដល់គ្រិះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់កម្ចី ដើម្បីគាំទ្រដល់កំណើននៃMSMEs នៅកម្ពុជា”។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB  មានប្រសាសន៍ថា៖ «ការចុះកិច្ចព្រមព្រៀងធានាឥណទាននេះ បានផ្តល់ឱកាសដ៏ល្អប្រសើរ ដល់ធនាគារ CIMB ក្នុងការគាំទ្រយ៉ាងពេញទំហឹង ដល់ភាពរីកចម្រើន ប្រកបដោយនិរន្តរភាព នៃសហគ្រាសធុនតូច និងមធ្យម​ ក្នុងប្រទេសកម្ពុជា តាមរយៈផលិតផលដ៏សម្បូរបែបរបស់ធនាគារ។ ការបង្កើតកិច្ចសហការ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា ផ្តល់លទ្ធភាពឲ្យម្ចាស់អាជីវកម្មធុនតូច និងមធ្យម ដែលមិនមានទ្រព្យបញ្ចាំ អាចទទួលបានសាច់ប្រាក់ចាំបាច់ សម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាមួយអត្រាការប្រាក់ប្រកួតប្រជែង»។

 លោក ប៊ុន យីន បានបន្តទៀតថា៖ «ការផ្តល់ជូនថ្មីនេះ សបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មខ្នាតតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសកម្ពុជា»។

ក្រោមកិច្ចព្រមព្រៀងធានាឥណទាននេះ ធនាគារ CIMB បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយ ក្នុងចំណោម PFIs សរុប២៥ ស្ថាប័នរបស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តាមរយៈយន្តការធានាឥណទាន។

កិច្ចសហប្រតិបត្តិការ រវាង CGCC និង ធនាគារ CIMB នឹងបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ក្រុមហ៊ុន/អាជីវកម្ម ឱ្យទទួលបានកម្ចី ទោះបីគ្មានទ្រព្យធានា និងជួយឱ្យទទួលបានកម្ចីច្រើនជាងមុន ជាងការខ្ចីដោយគ្មានការធានាឥណទាន។

 

អំពី CGCC 

CGCC គឺជាសហគ្រាសសាធារណៈដែលបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។ CGCC ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនិងហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងបេសកកម្មផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទាន ដល់ក្រុមហ៊ុន/អាជីវកម្ម សរុបចំនួន៨៩៩ ក្នុងរង្វង់ទឹកប្រាក់ប្រហាក់ប្រហែល៨៥.៧៣ លានដុល្លារ ដែលក្នុងនោះ ៩៥% នៃចំនួនក្រុមហ៊ុន/អាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SMEs)។

 

អំពីធនាគារ CIMB

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។

ចុចទីនេះអានបន្ថែម: CGCC supports the accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” second cohort