នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា បានសហការរៀបចំសន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពី “ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
សន្និបាតប្រចាំឆ្នាំរបស់ CGCC ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល, សម្ពោធដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈថ្មីៗ និងជាវេទិកាចែករំលែកមេរៀន និងបទពិសោធន៍នៃការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការគាំទ្របរិយាន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។ សន្និបាតនេះ មានអ្នកចូលរួមដែលជាតំណាងមកពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ សមាគមអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៥០រូប។
តាមរយៈសន្និបាតនេះ ឯកឧត្តម រស់ សីលវ៉ា បានដាក់ឱ្យសម្ពោធជាផ្លូវការ “គម្រោងធានាឥណទានបោះដុំ” របស់ CGCC ដើម្បីផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់ របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងគោលបំណងចែករំលែកហានិភ័យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យនៃអ៊ិចស្ពូស៊ើដែលមានការធានាដោយ CGCC។ យោងលើប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ៊ិចស្ពូស៊ើចារឹកជាប្រាក់រៀល ឬរូបិយបណ្ណដែលមានការធានាច្បាស់លាស់ និងឥតលក្ខខណ្ឌដោយរាជរដ្ឋាភិបាលកម្ពុជា រាប់បញ្ចូលទាំងការធានាដោយគម្រោងធានាឥណទានដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានថ្លឹងហានិភ័យសូន្យភាគរយ។
ជាមួយគ្នានេះ ឯកឧត្តម រស់ សីលវ៉ា ក៏បានផ្តល់លិខិតកោតសរសើររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ ចំនួន៥ រួមមាន ធនាគារ ព្រីនស៍, ធនាគារ ស្ថាបនា, ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី, និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់, ដែលបានបញ្ចេញកម្ចីមានការធានាបានច្រើនជាងគេក្នុងឆ្នាំ ២០២៤ និងលិខិតកោតសរសើរពិសេស ជូនដល់ ធនាគារ ហ្វីលីព ដែលរក្សាបាននូវគុណភាពកម្ចីមានការធានាបានល្អជាងគេ គិតត្រឹមបំណាច់ឆ្នាំ២០២៤។
ឯកឧត្តម រស់ សីលវ៉ា បានលើកឡើងថា៖ “ការធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាគោលដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដោយផ្តោតអាទិភាពលើការបង្កើនហិរញ្ញប្បទានចីរភាពនិងបៃតង ដើម្បីបង្កើនលំហូរហិរញ្ញវត្ថុឆ្ពោះទៅរកការវិនិយោគបៃតង និងសេដ្ឋកិច្ចបៃតង និងជំរុញការវិនិយោគសាធារណៈដែលមានភាពធន់នឹងអាកាសធាតុ និងមានការបញ្ចេញកាបូនទាប ជាដើម។ ការវិនិយោគលើការប្រែប្រួលអាកាសធាតុ មិនត្រឹមតែអាចនាំមកនូវផលចំណេញផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្តល់ចំណេញដល់សង្គម-សេដ្ឋកិច្ចផងដែរ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរាជរដ្ឋាភិបាល ក្នុងការពិនិត្យលទ្ធភាពបង្កើតផលិតផលហិរញ្ញវត្ថុ, រៀបចំនិងអនុវត្តគម្រោង, ព្រមទាំងការរៀបចំយន្តការគាំទ្រនានា ដើម្បីបង្កើនការផ្តល់ហិរញ្ញប្បទានបៃតងនៅកម្ពុជា។
នៅក្នុងសន្និបាតនេះ ក៏មាននូវការប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមថ្មីចំនួន២ គឺ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង ធនាគារ ស៊ិនហាន និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកិច្ចសហប្រតិបត្តិការសំដៅគាំទ្រដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។
គោលបំណងសំខាន់មួយទៀតនៃសន្និបាតប្រចាំឆ្នាំរបស់ CGCC គឺការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការធានាឥណទាន តាមរយៈកិច្ចពិភាក្សាស្តីពី “ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង” ដោយមានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន Mr. Kittipong Buranasiri តំណាងស្ថាប័នធានាឥណទានថៃ, Ms. Lee Hyeok តំណាងមូលនិធិធានាឥណទានកូរ៉េ, Mr. Mohamed Azman Mohamed Taufik តំណាងសាជីវកម្មធានាឥណទានម៉ាឡេស៊ី, និង លោក ញឹម សូរិយា តំណាងសាជីវកម្មធានាឥណទានកម្ពុជា ក្រោមការសម្របសម្រួលពី Mr. Shakeel Ahmad អ្នកតំណាងរងប្រចាំប្រទេស របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា។
CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានឯកត្តឥណទានចំនួន ៥គម្រោង, កិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ចំនួន ១៧, គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់CGCC។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីប្រតិបត្តិការរយៈពេល៤ឆ្នាំ CGCC បានអនុម័តការធានាឥណទានចំនួន ៣.១៣៩ គណនី លើកម្ចីប្រមាណ ២៥៦,៥៨ លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មនៅទូទាំងប្រទេស ដែលអាជីវកម្មទាំងនោះ បានផ្តល់នូវឱកាសការងារជូនដល់កម្មករនិយោជិត ជាង ៣ម៉ឺននាក់៕
(ភ្នំពេញ)៖ លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានថ្លែងអះអាងថា វិស័យស្រូវអង្ករ ត្រូវបានចាត់ទុកជាវិស័យអាទិភាព សម្រាប់ការធានាឥណទានរបស់ CGCC។
លោកបានបញ្ជាក់ថា ដោយគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ CGCC បានធានាឥណទាននៅក្នុងវិស័យស្រូវអង្ករចំនួន ១៣៧ គណនី គិតជាទំហំទឹកប្រាក់ជាង ៣០លានដុល្លារ និងបានដាក់ចេញនូវគម្រោងជាក់លាក់ចំពោះការនាំចេញស្រូវអង្ករកម្ពុជា។
លោកបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២៥នេះ CGCC បង្កើតទំហំធានាឥណទាននៅក្នុងវិស័យស្រូវអង្កររហូតដល់ ៥០លានដុល្លារ។
ការលើកឡើងរបស់លោក ណូ លីដា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕
សូមស្តាប់ការពន្យល់របស់លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា
Credit to: Fresh News, Published on 15 January 2025
នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅការិយាល័យសហគ្រិនខ្មែរ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបក្នុងកិច្ចពិភាក្សាលើប្រធានបទ “ហិរញ្ញវត្ថុសម្រាប់អាជីវកម្មធុនតូច និងមធ្យម” ដែលត្រូវបានរៀបចំឡើងនៅក្នុងជំនួបលើកចុងក្រោយ នៃកម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម រដូវកាលទី២ ដោយសហគ្រិនខ្មែរ។
តាមរយៈកិច្ចពិភាក្សានេះ លោក យុន ផន បានចែករំលែកអំពីយន្តការធានាឥណទាន និងអត្ថប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈសេវាកម្ម និងផលិតផលរបស់ CGCC ដែលរួមមាន ការធានាលើកម្ចីអាជីវកម្ម ការធានាសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពសម្រាប់សហគ្រិនរបស់ CGCC ដើម្បីជួយអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។
សហគ្រិនដែលជាម្ចាស់អាជីវកម្មទាំងអស់ មិនត្រឹមតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងយល់ពីការចែករំលែករបស់វាគ្មិនកិត្តិយស ទៅលើទិដ្ឋភាព និងនិន្នាការនៃហិរញ្ញប្បទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយប៉ុណ្ណោះទេ តែថែមទាំងមានឱកាសបានលើកឡើងនូវសំណួរនានាដែលពួកគាត់បាននិងកំពុងជួបប្រទះ ដើម្បីទទួលបានអនុសាសន៍ពីវាគ្មិនយកទៅកែលម្អលើប្រតិបត្តិការអាជីវកម្ម និងពង្រីកចំណេះដឹងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះក្នុងការបង្កើនលទ្ធភាពអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន សម្រាប់ការទទួលបានហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះនានា៕
នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ ដែលផលិតដោយ វិទ្យុស្ត្រី គាំទ្រដោយ សមាគមធនាគារនៅកម្ពុជា (ABC) ដែលប្រធានបទនៃកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនទាក់ទងនឹងCGCC, លក្ខខណ្ឌ និងនីតិវិធីដើម្បីទទួលបានការធានា និងជាពិសេសគឺអត្ថប្រយោជន៍នៃយន្តការធានាឥណទានសម្រាប់អាជីវកម្ម។
តាមរយៈកម្មវិធីនេះ លោកស្រីម៉ានីកា បានចូលរួមចែករំលែកអំពីតួនាទី ផលិតផល និងសេវាកម្មរបស់ CGCC ដើម្បីបញ្ជ្រាបឱ្យសាធារណជនបានស្គាល់អំពី CGCC កាន់តែច្បាស់ និងអាចឱ្យម្ចាស់អាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាធានាឥណទាន តាមរយៈការស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ/មីក្រូហិរញ្ញវត្ថុ ដែលជាដៃគូរបស់ CGCC ក្នុងករណីខ្វះឬមិនមានទ្រព្យធានាគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានលើកយកករណីជោគជ័យ នៃសហគ្រិនស្រ្តីមួយរូប ដែលបានស្នើកម្ចីពីគ្រឹះស្ថានធនាគារដៃគូរបស់ CGCC ដែលមានការធានាពី CGCC ដែលបានជួយពង្រីកលទ្ធភាពទទួលបានកម្ចី ក្នុងការប្រើប្រាស់ចាំបាច់។ បន្ថែមពីលើនេះ លោកស្រីក៏បានចែករំលែកអំពីការចូលរួមរបស់ CGCC លើការកសាងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម ដែលជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់ CGCC។
ជាអនុសាសន៍និងសំណូមពរ ដល់សហគ្រាស និងម្ចាស់អាជីវកម្ម (SMEs) លោកស្រីបានលើកទឹកចិត្តឱ្យពួកគាត់គួរតែត្រៀមខ្លួនអោយបានល្អ ក្នុងការទទួលកម្ចីផ្លូវការ តាមរយៈការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងតាមស្តង់ដារ ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានវែងឆ្ងាយទៅជាក្រុមហ៊ុនអាជីវកម្មស្តង់ដារ និងសំណូមពរដល់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ឱ្យបន្តផ្សព្វផ្សាយបន្ថែមដល់បុគ្គលិក និងសាខាទាំងអស់ អំពីសេវាធានាឥណទានរបស់CGCC ដែលអាចជួយសម្រួលតម្រូវការទ្រព្យធានា និងជំរុញលទ្ធភាពទទួលបានកម្ចីផ្លូវការរបស់ SME៕
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ស្តីអំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)” ដែលមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមសរុបប្រមាណ៥០រូប ក្នុងនោះមាន ៦៥% ជាសហគ្រិនស្រ្តី និងរួមទាំងនិស្សិតប្រមាណ១០រូប នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។
កម្មវិធី EPIC វគ្គទី៣នៃឆ្នាំ ២០២៤នេះ ត្រូវបានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាម គ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសទាំងអស់ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រោមចូលរួមជាគណអធិបតីពីសំណាក់ លោកជំទាវ យូ បូរី អនុប្រធានសមាគមស្រ្តីកម្ពុជា, លោក ណូ លីដា អគ្គនាយក CGCC, លោកស្រី ហង់ ជួន ណារីតា នាយិកានាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, លោក ពា វណ្ណឆាយ នាយកផ្នែកសហគ្រាសធុនតូចនិងមធ្យម នៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងគណៈគ្រប់គ្រង នៃCGCC និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
តាមរយៈ EPIC វគ្គទី៣ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)” ដែលត្រូវបានចែករំលែកដោយ លោកស្រី សែម ស្រីតូច នាយិកាប្រតិបត្តិ និងស្ថាបនិកសហគ្រាស អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជាដែលលោកស្រីបានចែករំលែកនូវឧបករណ៍ឌីជីថល ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម, របៀបប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនការលក់ ការគ្រប់គ្រងផ្នែកលក់និងអាជីវកម្ម ទំនាក់ទំនងអតិថិជន ការផ្សព្វផ្សាយផលិតផលឬសេវាកម្ម ការការពារការគំរាមកំហែងសន្តិសុខសាយប័រ និងចែករំលែកអំពីវិធីសាស្រ្តក្នុងការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារនាពេលអនាគត និងឌីជីថលនីយកម្ម ដើម្បីរក្សាការប្រកួតប្រជែង និងនិរន្តរភាពនៃអាជីវកម្ម។ សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុមទៅលើប្រធានបទជុំវិញសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថល បញ្ហាប្រឈមក្នុងការផ្លាស់ប្តូរទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងសំណូមពរឬសំណើនានា។
បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពី “យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសធុនតូច និងមធ្យម” តាមរយៈបទបង្ហាញដោយ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC។ ស្របជាមួយនឹងយន្តការធានាឥណទាន លោក ប៉ូច ពិសាល ប្រធានផ្នែកទំនាក់ទំនងអតិថិជន ផ្នែកសហគ្រាសធុនតូច និងមធ្យម នៃ ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ក៏បានចែករំលែកអំពី “ដំណើរការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងជាពិសេសការគាំទ្រដល់សហគ្រិនស្រ្តីផងដែរ”។
ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិបត្តិនិងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕
(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ស្តីអំពី «ប្រតិបត្តិការអាជីវកម្ម ក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)» ដែលមានការចូលរួមពីសិក្ខាកាម ដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមសរុបប្រមាណ៥០រូប ក្នុងនោះមាន ៦៥% ជាសហគ្រិនស្រ្តី និងរួមទាំងនិស្សិតប្រមាណ១០រូប នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។
កម្មវិធី EPIC វគ្គទី៣នៃឆ្នាំ ២០២៤នេះ ត្រូវបានចូលរួមជាកិត្តិយស សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួម ជូនដល់សិក្ខាកាម គ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសទាំងអស់ ពីសំណាក់បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រោមចូលរួមជាគណអធិបតីពីសំណាក់ លោកស្រី យូ បូរី អនុប្រធានសមាគមស្រ្តីកម្ពុជា, លោក ណូ លីដា អគ្គនាយក CGCC, លោកស្រី ហង់ ជួន ណារីតា នាយិកានាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្មនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, លោក ពា វណ្ណឆាយ នាយកផ្នែកសហគ្រាសធុនតូចនិងមធ្យម នៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារជេត្រាស់ រ៉ូយ៉ាល់ និងគណៈគ្រប់គ្រង នៃCGCC និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
តាមរយៈ EPIC វគ្គទី៣ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)» ដែលត្រូវបានចែករំលែកដោយ លោកស្រី សែម ស្រីតូច នាយិកាប្រតិបត្តិ និងស្ថាបនិកសហគ្រាស អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជាដែលលោកស្រីបានចែករំលែកនូវឧបករណ៍ឌីជីថល ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម, របៀបប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនការលក់ ការគ្រប់គ្រងផ្នែកលក់និងអាជីវកម្ម ទំនាក់ទំនងអតិថិជន ការផ្សព្វផ្សាយផលិតផលឬសេវាកម្ម ការការពារការគំរាមកំហែងសន្តិសុខសាយប័រ និងចែករំលែកអំពីវិធីសាស្រ្តក្នុងការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារនាពេលអនាគត និងឌីជីថលនីយកម្ម ដើម្បីរក្សាការប្រកួតប្រជែង និងនិរន្តរភាពនៃអាជីវកម្ម។
សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុម ទៅលើប្រធានបទជុំវិញសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថល បញ្ហាប្រឈមក្នុងការផ្លាស់ប្តូរ ទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងសំណូមពរឬសំណើនានា។
បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពី «យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសធុនតូច និងមធ្យម» តាមរយៈបទបង្ហាញដោយ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC។ ស្របជាមួយនឹងយន្តការធានាឥណទាន លោក ប៉ូច ពិសាល ប្រធានផ្នែកទំនាក់ទំនងអតិថិជន ផ្នែកសហគ្រាសធុនតូច និងមធ្យម នៃ ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ក៏បានចែករំលែកអំពី «ដំណើរការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងជាពិសេសការគាំទ្រដល់សហគ្រិនស្រ្តីផងដែរ»។
ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិបត្តិ និងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕
Credit to: Fresh News, published on 10 December 2024
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង សហការជាមួយ គម្រោង Feed the Future Cambodia Harvest III (គម្រោងហាវែស III) ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របសម្រាប់ការនាំចេញ ក្នុងគោលបំណងលើកស្ទួយសហគ្រាសធុនតូន និងមធ្យមក្នុងស្រុក ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ក៏ត្រូវបានដាក់បញ្ចូល គម្រោងធានាឥណទាន និងកម្មវិធីកសាងសមត្ថភាព និងជំនាញ សម្រាប់សហគ្រាសធុនតូន និងមធ្យម ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារ មេយប៊ែង ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។
កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងលើកកម្ពស់ការប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក លើឆាកអន្តរជាតិ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងវត្តមានរបស់ប្រទេសកម្ពុជា លើទីផ្សារអន្តរជាតិ។ ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលមានដូចជា កម្ចីសម្រាប់ជាទុន ហិរញ្ញប្បទានសម្រាប់ការនាំចេញ ទីផ្សាររូបិយប័ណ្ណបរទេសចំនួន២១ប្រភេទដែលមានអត្រាប្រកួតប្រជែង ដំណោះស្រាយផ្ទេរ និងទទួលប្រាក់ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដែលសុទ្ធសឹងតែជាដំណោះស្រាយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំនះឧបសគ្គផ្នែកហិរញ្ញវត្ថុ និងបន្តកំណើន លើទីផ្សារអន្តរជាតិ។ ពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា ដោយផ្តល់នូវមធ្យោបាយដ៏សមស្របសម្រាប់ឱ្យពួកគេពង្រីកប្រតិបត្តិការ បង្កើនប្រាក់ចំណូល និងធានាការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ «កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ គឺជាដំណោះស្រាយយ៉ាងសំខាន់សម្រាប់សហគ្រាសក្នុងស្រុក ដែលមានគោលបំណងពង្រីកការនាំចេញរបស់ខ្លួន ទាំងទៅកាន់ទីផ្សារអន្តរជាតិដែលខ្លួនកំពុងមានវត្តមានស្រាប់ ឬទៅកាន់ទីផ្សារអន្តរជាតិថ្មី។ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជម្នះឧបសគ្គលើផ្នែកហិរញ្ញវត្ថុ ភាពជាដៃគូចម្រុះភាគីនេះនឹងចូលរួមជំរុញកំណើនអាជីវកម្មបុគ្គល ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យកាន់តែមានភាពទូលំទូលាយ»។
«សហគ្រាសធុនតូច និងមធ្យម ប្រៀបបានដូចជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ហើយតាមរយៈការជួយគាំទ្រពួកគេ ដើម្បីឱ្យទទួលបានជោគជ័យក្នុងទីផ្សារនាំចេញ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកក្នុងការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងជំហររបស់ប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន និងទីផ្សារសាកល។ គំនិតផ្តួចផ្តើមនេះក៏បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងនាមជាធនាគារអាស៊ានឆ្នើមជាងគេនៅប្រទេសកម្ពុជា និងឈានមុខគេក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់»។
ស្របតាមបេសកកម្មរបស់ គម្រោងហាវែស III ដែលជាគម្រោងរយៈពេលប្រាំឆ្នាំ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តោតលើការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្នក្នុងវិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការនេះនឹងគាំទ្រដល់ការធ្វើពិពិធកម្ម ការអភិវឌ្ឍភាពធន់ និងការប្រកួតប្រជែងសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ តាមរយៈការចូលរួមសហការពីដៃគូក្នុងវិស័យឯកជន និងអ្នកពាក់ព័ន្ធសំខាន់ៗ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក នីមីស ហ្សាវឺរី ប្រធានគម្រោងហាវែស III មានប្រសាសន៍ថា «ជាមួយនឹងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មថ្មីនេះ យើងអាចផ្តល់ឱ្យសហគ្រាសធុនតូច និងមធ្យមនូវដើមទុនចាំបាច់ដើម្បីគ្រប់គ្រងចំណាយផលិតកម្ម វិនិយោគលើការបង្កើនគុណភាព និងបំពេញតម្រូវការបញ្ជាទិញពីអន្តរជាតិ។ ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់សម្រាប់សហគ្រាសក្នុងស្រុកទាំងនេះ ព្រោះវាមិនត្រឹមតែជួយផ្សាភ្ជាប់គម្លាតលំហូរសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យពួកគេប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព ដោយជួយសម្រួលដល់ការឆ្លើយតបទៅនឹងតម្រូវការទាន់ពេលវេលា ក៏ដូចជាពង្រីកទីផ្សារនាំចេញរបស់ពួកគេ។ ទាំងអស់គ្នា យើងអាចធានាថាសហគ្រាសទាំងនេះមិនត្រឹមតែមានធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារជាសាកល។ ភាពជាដៃគូនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសក្តានុពលនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា»។
រួមជាមួយនឹងហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ ធនាគារ មេយប៊ែង CGCC និង គម្រោងហាវែស III ក៏បានប្រកាស ”កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៤ និងឆ្នាំ២០២៥” ដែលជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយ ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញបន្ថែមនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដល់សហគ្រាសធុនតូច និងមធ្យម។ ចាប់តាំងពីការបង្កើតកម្មវិធីនេះឡើងក្នុងឆ្នាំ ២០២១ កម្មវិធី BCC បានផ្តល់ការបណ្តុះបណ្តាលដល់សហគ្រាសធុនតូច និងមធ្យមរាប់រយនាក់ លើមូលដ្ឋានគ្រឹះក្នុងការធ្វើអាជីវកម្ម បច្ចេកទេស និងបច្ចេកវិទ្យាទំនើបផ្សេងៗក្នុងការគ្រប់គ្រងអាជីវកម្ម។ ដោយផ្អែកលើភាពជោគជ័យរបស់កម្មវិធីនេះ កម្មវិធី BCC ថ្មីនេះនឹងផ្តល់វគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ដែលទាក់ទងនឹង ដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្រ្ត ដែលផ្តល់ដោយអ្នកជំនាញដែលមានបទពិសោធជាច្រើនឆ្នាំក្នុងផ្នែកគណនេយ្យ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាដើម។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសហគ្រិន នូវការយល់ដឹង បទពិសោធជាក់ស្តែង និងជំនាញដែលចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក៏ដូចជាបង្កើនសក្តានុពលនៃកំណើនអាជីវកម្មរបស់ពួកគេ។
លោក ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ថា៖ «កម្មវិធី BCC ផ្តល់ជូនសហគ្រិន និងម្ចាស់អាជីវកម្មនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដែលគាំទ្រពួកគាត់ឱ្យទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម។ តាមរយៈកម្មវិធីនេះ យើងអាចគាំទ្រពួកគាត់ ក្នុងការបង្កើនចំណេះដឹងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុក។ កម្មវិធីនេះ គឺជាជំហានដ៏សំខាន់ ស្របតាមចក្ខុវិស័យរួមគ្នារបស់យើងក្នុងការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ប្រកបដោយភាពធន់ និងថាមវន្ត ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លើសពីនេះ គំនិតផ្តួចផ្តើមនេះ ត្រូវបានគាំទ្រដោយ គម្រោងធានាឥណទាន របស់ CGCC ដែលផ្តល់នូវដំណោះស្រាយ ចំពោះបញ្ហាខ្វះទ្រព្យធានា ដែលជាបញ្ហាប្រឈមចម្បងមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម។ តាមរយៈការបន្ធូរបន្ថយតម្រូវការទ្រព្យធានា យើងអាចចូលរួមបង្កើនលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញប្បទាន ដែលអនុញ្ញាតឱ្យពួកគាត់ ទទួលបានទុនចាំបាច់ សម្រាប់កំណើនអាជីវកម្មប្រកបដោយចីរភាព»។
កិច្ចសហប្រតិបត្តិការរវាង ធនាគារ មេយប៊ែង គម្រោងហាវែស III និងCGCC បាននិងកំពុងកសាងប្រព័ន្ធអេកូដ៏រឹងមាំសម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា ដើម្បីឱ្យពួកគេរីកចម្រើនទាំងនៅក្នុងទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ តាមរយៈគំនិតផ្តួចផ្តើមដ៏ចាំបាច់ទាំងនេះ ដែលរួមមាន៖ ដំណោះស្រាយហិរញ្ញវត្ថុ កម្មវិធីពង្រឹងសមត្ថភាព និងការកាត់បន្ថយតម្រូវការទ្រព្យធានាតាមរយៈយន្តការធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបាននូវធនធានគ្រប់គ្រាន់ ក៏ដូចជាចំណេះដឹង និងទំនុកចិត្ត ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងឈានទៅរកការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
ភាពជាដៃគូជាយុទ្ធសាស្រ្តដ៏រឹងមាំនេះ បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការគាំទ្រ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពធន់ បរិយាបន្ន និងការតភ្ជាប់ជាសកល។ គំនិតផ្តួចផ្តើមរួមគ្នារវាង ធនាគារ មេយប៊ែង គម្រោងហាវែស III និងCGCC នឹងរួមចំណែកជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍរិស័យធុរកិច្ចកម្ពុជា ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាការលើកកម្ពស់វត្តមានរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕
នៅថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ CGCC ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ CGCC បានចូលរួមសន្និសីទ Asian Credit Supplementation Institution Confederation (ACSIC) លើកទី៣៦ នៅរដ្ឋធានី Kathmandu នៃប្រទេសនេប៉ាល់ ដែលត្រូវបានរៀបចំដោយ Deposit and Credit Guarantee Fund of Nepal ក្រោមប្រធានបទ “Financing Innovations for Economic Growth”។
តាមរយៈសន្និសីទនេះ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ ត្រូវបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្រោយពីទទួលបានការប្រកាសជាផ្លូវការនូវការក្លាយជាសមាជិក ACSIC ចាប់ពីឆ្នាំ២០២៤ តទៅ ដោយបានថ្លែងអំណរគុណដល់សមាជិក ACSIC ទាំងអស់ដែលបានគាំទ្រ និងស្វាគមន៍ CGCC ជាសមាជិកផ្លូវការ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបណ្តុះបណ្តាល ACSIC សម្រាប់ឆ្នាំ២០២៦ខាងមុខ។
ជាងនេះទៅទៀត លោក ណូ លីដា អគ្គនាយក CGCC ក៏ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកអំពី គម្រោងធានាឥណទាន និងការធានាលើសញ្ញាបណ្ណរបស់ CGCC ជាពិសេសក្នុងគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការងារអាទិភាពលើគម្រោងហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព។ បន្ថែមពីលើនេះ លោកអគ្គនាយកក៏បានចែករំលែកអំពីកម្មវិធីកសាងសមត្ថភាពរបស់ CGCC ដែលមានគោលដៅគាំទ្រដល់ក្រុមហ៊ុនអាជីវកម្ម, ការចូលរួមនៃយន្តការធានាឥណទានដើម្បីបង្កើនឱកាសការងារ ការដោះស្រាយបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ និងការគិតគូរពីដំណោះស្រាយហិរញ្ញប្បទានប្រកបដោយចីរភាព និងនវានុវត្តន៍ តាមរយៈការរៀនសូត្រពីបទពិសោធន៍ល្អៗពីប្រទេសជាសមាជិក។
នៅក្នុងសន្និសីទនេះ គណៈប្រតិភូមកពីប្រទេសសមាជិក/អ្នកសង្កេតការណ៍មួយចំនួនរបស់ ACSIC បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃគម្រោងធានាឥណទានរៀងៗខ្លួន ក៏ដូចជាមានកិច្ចពិភាក្សាពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗដូចជា យន្តការនវានុវត្តន៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យនៃស្ថាប័នធានាឥណទាន ការប្រើប្រាស់ប្រព័ន្ធឌីជីថល (AI) និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។
សន្និសីទ ACSIC លើកទី៣៦ មានការចូលរួមពីតំណាងសមាជិក ACSIC និងស្ថាប័នពាក់ព័ន្ធដូចជាធនាគារពិភពលោក ធនាគារកណ្តាលរបស់ប្រទេសនេប៉ាល់ ប្រមាណជាង១០០រូប។ គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការចែករំលែកព័ត៌មាន ការប្រឹក្សាយោបល់ និងការកសាងសមត្ថភាពរវាងស្ថាប័នសមាជិក៕