សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារកម្ពុជាសាធារណៈ ចាប់ដៃគូ ផ្តល់ការធានាឥណទានដល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ

នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានរវាងធនាគារកម្ពុជាសាធារណៈ និងសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានប្រារព្ធឡើងជាផ្លូវការ នៅឯទីស្នាក់ការកណ្តាលធនាគារកម្ពុជាសាធារណៈ ។

គោលបំណងចម្បងនៃភាពជាដៃគូលើការធានាឥណទាននេះ គឺដើម្បីជម្រុញ និងផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញប្បទាន ប្រើប្រាស់ជាទុនបង្វិល និងការវិនិយោគឬពង្រីកអាជីវកម្ម ក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រោមជ្រែងដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ ធនាគារកម្ពុជាសាធារណៈ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង ស.ធ.ក. ក្នុងការលើកកម្ពស់គម្រោងធានាឥណទាន ដែលផ្តល់ដោយ ស.ធ.ក. រួមមានជាចម្បង គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនតូចនិងមធ្យម។​

នៅក្នុងពិធីចុះហត្ថលេខានេះ លោក Ong Ming Teck នាយកប្រតិបត្តិធនាគារកម្ពុជាសាធារណៈ បានមានប្រសាសន៍ឱ្យដឹងថា “​សហគ្រាសធុនតូច និងមធ្យម (SMEs) ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិ និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ការងារ ប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលវែង។ ភាពជាដៃគូនេះនឹងពង្រឹងបន្ថែមទៀតនូវការជំរុញរបស់យើង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះហិរញ្ញវត្ថុដល់ SMEs និងប្រជាជនកម្ពុជា ជាពិសេសអ្នកដែលមានលទ្ធភាពនៅមានកម្រិតក្នុងការទទួលបានហិរញ្ញវត្ថុ និងសេវាធនាគារក្នុងតម្លៃទាប។”

លោក Ong បានបន្ថែមទៀតថា  “ការចុះហត្ថលេខាលើភាពជាដៃគូនេះ គឺស្របពេលជាមួយគ្នានឹងគម្រប់ខួបលើកទី៣០នៃការបង្កើតធនាគារកម្ពុជាសាធារណៈ នៅក្នុងឆ្នាំនេះ ហើយក្នុងនោះ ផលិតផល សេវា និងគំនិតផ្តួតផ្តើមឌីជីថលថ្មីៗបន្ថែមទៀត នឹងត្រូវបានដាក់ចេញដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើង ដែលជាផ្នែកមួយនៃការប្រារព្ធពិធីរបស់យើង ក្នុងការបង្ហាញអំពីវត្តមានដ៏រឹងមាំរបស់យើងនៅកម្ពុជា។ យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដើរ​តួនាទី​ជាផ្នែកមួយនៃការឆ្ពោះ​ទៅ​រក​ការ​កសាង​ប្រទេស​ជាតិ និង​ការ​ផ្តល់​លទ្ធភាព​ហិរញ្ញវត្ថុ​ដល់​ SMEs នៅ​គ្រប់​សាខា​ទាំង ៣១ របស់​យើង”។​

ជាមួយគ្នានេះផងដែរ លោក Wong Keet Loong អគ្គនាយក ស.ធ.ក. ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា “សាជីវកម្មធានាឥណទានកម្ពុជា ពិតជាមានក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារកម្ពុជាសាធារណៈ ដែលមានបណ្តាញសាខាយ៉ាងទូលំទូលាយ ក្នុងការពង្រីកទៅដល់អតិថិជនឱ្យកាន់តែច្រើន ដើម្បីបង្កើនការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម”។

លោកបានបន្ថែមទៀតថា “ពួកយើងពិតជាមានកម្លាំងចិត្ត​ ដោយឃើញនូវសមិទ្ធផលរយៈពេល២ខែដំបូង នៃឆ្នាំ២០២២នេះ ដែលការធានាឥណទានរបស់យើងមានកំណើនគួរឱ្យកត់សម្គាល់ ពោលគឺមានចំណែកប្រហែល៤៥%នៃការធានាឥណទានក្នុងឆ្នាំ២០២១។ ជាមួយនឹងកំណើនសកម្មភាពសេដ្ឋកិច្ច យើងជឿជាក់ថា តម្រូវការនៃការធានាឥណទានកាន់តែជួយបង្កើនការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជា ឱ្យកាន់តែច្រើនជាងមុន។ ពួកយើងសង្ឃឹមផងដែរថា ការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុ នឹងផ្តល់ ឱកាសកាន់តែច្រើន ដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងអាជីវកម្មខ្នាតមីក្រូ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ”។

គួរបញ្ជាក់ផងដែរថា ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុបចំនួន ២៥៨  ក្នុងទំហំទឹកប្រាក់ជាង២៦លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។