CGCC & Wing Bank

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ វីង សហការគ្នាជួយដល់ការស្តារឡើងវិញនូវប្រតិបត្តិការអាជីវកម្មនានា

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) និង ធនាគារ វីង (ខេមបូឌា) ម.ក  បានរៀបចំនូវកិច្ចសហការជាផ្លូវការ ជាមួយនឹងការចុះកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសហការគ្នាលើការផ្តល់ប្រាក់កម្ចីដល់ប្រតិបត្តិករអាជីវកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការលំបាកក្នុងការទទួលបានប្រាក់កម្ចីដោយសារកង្វះខាតទ្រព្យបញ្ចាំគ្រប់គ្រាន់។

ភាពជាដៃគូនេះនឹងបញ្ចូលធនាគារវីង ក្នុងគម្រោង​ធានា​ឥណទាន​ នៃសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយដល់អាជីវកម្មនានាដែលរងផលប៉ះពាល់ខណៈមានជំងឺរាតត្បាតកូវីដ ១៩ រួមមាន៖ ​អាជីវកម្ម​ខ្នាត​មីក្រូ​ ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ​និង​សហគ្រាស​ខ្នាត​ធំ​ ក្នុងការសម្រួលដល់ការទទួល​បាន​ហិរញ្ញប្បទាន​ពី​ ​សម្រាប់​ការ​កៀរគរ​ទុន​បង្វិល វិនិយោគ​ ​និង​ការពង្រីក​អាជីវកម្មជាដើម។​

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលឥឡូវនេះយើងអាចបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់យើងដល់ម្ចាស់អាជីវកម្មកាន់តែច្រើនជាងមុនតាមរយៈការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា។ យើងបានបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងយ៉ាងសម្បូរបែបដើម្បីជួយម្ចាស់អាជីវកម្មនានានៅកម្ពុជា។ ភាពជាដៃគូនៅថ្ងៃនេះ នឹងក្លាយជាកត្តាជំរុញមួយទៀតជួយឲ្យយើងខិតកាន់តែជិតដល់មា្ចស់អាជីវកម្មទាំងនោះ។”

សាជីវកម្មធានាឥណទានកម្ពុជា នឹងគាំទ្រធនាគារវីងក្នុងការធានាប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មដែលត្រូវបានចាត់ទុកថាមានលទ្ធភាពសង ប៉ុន្តែខ្វះខាតនូវទ្រព្យបញ្ចាំ ដោយផ្តល់នូវការធានាឥណទាន ដែលជាការពារបន្ថែមមួយទៀត ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

បន្ទាប់ពីសម្ពោធជាផ្លូវការជាធនាគារពាណិជ្ជក្នុងខែមេសា ឆ្នាំ២០២១ ធនាគារ វីង បានបង្កើតឲ្យមានផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន​រូបវន្តបុគ្គល និងម្ចាស់អាជីវកម្មនានា។ អតិថិជនអាចទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុទាំងនោះបានតាមរយៈការិយាល័យកណ្តាលនៃធនាគារវីង កម្មវិធីស្មាតហ្វូនវីង និង​ភ្នាក់ងារវីងដែលមានជាង១ម៉ឺនកន្លែងនៅទូទាំងប្រទេសកម្ពុជា។

ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារវីង នឹងក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ២០ របស់ស.ធ.ក. ក្នុងការផ្តល់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំសម្រាប់ជាទុនបង្វិល និងការពង្រីកអាជីវកម្មរបស់ពួកគេ។

លោក Wong Keet Loong អគ្គនាយក ស.ធ.ក. បានមានប្រសាសន៍ថា “ភាពជាដៃគូរបស់យើងជាមួយធនាគារវីង គឺជាយុទ្ធសាស្រ្តមួយសម្រាប់ ស.ធ.ក ក្នុងការប្រើប្រាស់បណ្តាញគ្របដណ្តប់យ៉ាងទូលំទូលាយនៃផលិតផលហិរញ្ញវត្ថុ​ប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារវីង តាមរយៈបណ្តាញឌីជីថលដែលធនាគារមានរួចជាស្រេច។ វាក៏នឹងជំរុញឱ្យ ស.ធ.ក. បញ្រ្ជាបខ្លួន ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល តាមរយៈការផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្ម នៅក្នុងប្រព័ន្ធអេកូឌីជីថលរបស់ធនាគារវីង។”

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណង​បង្កើន​​បរិយាបន្នហិរញ្ញវត្ថុ​ ​និង​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម តាមរយៈ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឲ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ដោយផ្អែកលើស្តង់ដារអន្តរជាតិ។​

ម្ចាស់អាជីវកម្មដែលមានសញ្ជាតិកម្ពុជា ហើយកាន់កាប់ភាគហ៊ុនលើសពី៥០% ឥឡូវនេះអាចទាក់ទងធនាគារ វីង សម្រាប់គម្រោងធានារបស់សាជីវកម្មធានាឥណទានកម្ពុជា ឬទាក់ទងដោយផ្ទាល់តាមរយៈគេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។

អំពី ស.ធ.ក.

ស.ធ.ក. គឺជាសាជីវកម្មធានាឥណទានដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងជាជាសហគ្រាសសាធារណៈមួយ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់នូវការធានាឥណទានជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីផ្តល់ការគាំទ្រលើអាជីវកម្ម ដែលមានលទ្ធភាពលើការរកចំណូល ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ក្នុងការដាក់ស្នើសុំកម្ចី។

ស.ធ.ក. បានដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងធានាឥណទានចំនួនពីរ ទីមួយគឺ “ “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម-BRGS” ដែលបានដាក់ឱ្យដំណើរការ នៅក្នុងខែមីនា ឆ្នាំ២០២១ និងទីពីរ គឺ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន-CFGS” ដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះ ដើម្បីពង្រីកនូវការគាំទ្របន្ថែមទៅដល់ SMEs ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia)។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស.ធ.ក បានផ្តល់ការធានាលើកម្ចីរបស់អាជីវកម្ចចំនួន១៣៣ អាជីវកម្ម រួចមកហើយ ដែលគិតជាទឹកប្រាក់ប្រមាណ ១៦.៥ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ ការធានាលើកម្ចីអាជីវកម្មភាគច្រើនបំផុត ត្រូវបានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម ស្មើនឹង ៩៤% នៃចំនួនអាជីវកម្មសរុបដែលទទួលបានការធានាពី ស.ធ.ក.។

ព័ត៌មានបន្ថែមអំពីការធានាឥណទាន សូមចូលទៅកាន់ ៖ www.cgcc.com.kh

 

អំពីធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ធនាគារវីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។

សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជាង ១០.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។

ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងផ្តល់ជូនការទូទាត់រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។

មានទាំងក្រុមហ៊ុនខ្នាតតូចនិងក្រុមហ៊ុនខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់របស់វីងដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីងក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។

ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕