កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៨

នាថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី៨ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. និងការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាភិបាល ទាំងអស់របស់ ស.ធ.ក.។

របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៨នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ការអនុម័តលើគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី, (៣) របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មឆ្នាំ២០២១, (៤) កិច្ចសន្យាជួលការិយាល័យថ្មីរបស់ ស.ធ.ក. , (៥) វិសោធនកម្មឯកសារណែនាំអំពីអត្ថប្រយោជន៍បុគ្គលិក , (៦) ប្រាក់រង្វាន់ និងប្រាក់ខែបុគ្គលិក, (៧) ការអនុម័តលើគោលនយោបាយស្តីពីបច្ចេកវិទ្យាព័ត៌មានវិទ្យា, និង (៨) ផ្សេងៗ រួមមាន ការធានាឥណទានលើការបោះផ្សាយសញ្ញាបណ្ណ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើគម្រោងធានាឥណនារបស់ ស.ធ.ក. ដែលបាន និងកំពុងអនុវត្ត ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ ស.ធ.ក.។