កម្ពុជាមានគោលដៅពង្រឹងបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី-សន្និបាតផ្សព្វផ្សាយពីកម្មវិធីធានាឥណទាន និងផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដឹកនាំដោយស្ត្រី

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២៖ ថ្ងៃនេះ​ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរួមគ្នារៀបចំសន្និបាតស្តីពីបរិយាបន្នហិរញ្ញវត្ថុ​សម្រាប់សហគ្រិនស្ត្រីកម្ពុជា នៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានាទាក់ទិននឹងបរិយាបន្នហិរញ្ញវត្ថុ និងប្រមូលធាតុចូល និងចំណេះដឹងពីអ្នកចូលរួម ជុំវិញការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលដឹកនាំដោយស្ត្រី។

ក្នុងព្រឹត្តិការណ៍នេះ មានការបង្ហាញលទ្ធផលសំខាន់ៗដកស្រង់ចេញពីរបាយការណ៍របស់ UNDP ដែលនឹងត្រូវចេញផ្សាយនាពេលខាងមុខ​ ក្រោមប្រធានបទ កម្មវិធីធានាឥណទានសាធារណៈនៅកម្ពុជាសម្រាប់សហគ្រាសខ្នាតតូច និងខ្នាតមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យមដែលមានអ្នកគ្រប់គ្រងជាស្ត្រី។ របាយការណ៍នេះរកឃើញថា បញ្ហាប្រឈមធំៗជាងគេដែល MSMEs ជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទាន រួមមានដូចជា ការតម្រូវឱ្យមានការដាក់ទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចី លក្ខខណ្ឌផ្តល់កម្ចីតឹងរ៉ឹងដោយពុំមានការពិចារណាពីប្រតិបត្តិការអាជីវកម្មរបស់ MSMEs អត្រាការប្រាក់ខ្ពស់ រយៈពេលសងកម្ចីខ្លី និងសមត្ថភាពគ្រប់គ្រងរបស់ MSMEs ព្រមទាំងកង្វះខាតឯកសារហិរញ្ញវត្ថុនិងឯកសារគាំទ្រដទៃទៀត ជាដើម។ ជំងឺកូវីដ-១៩ បានបណ្តាលឱ្យ MSMEs ជួបប្រទះនឹងការលំបាកបន្ថែមទៀត ដោយក្នុងនោះ ២១,៣% ក្នុងចំណោមសហគ្រាសដែលបានចូលរួមក្នុងការសិក្សារនេះ រាយការណ៍ថាបានជួបការលំបាកច្រើនក្នុងការទទួលបានធនធានហិរញ្ញវត្ថុ ជាពិសេស ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនក្រៅប្រព័ន្ធ ដែលដឹកនាំដោយស្ដ្រី ក្នុងវិស័យកម្មន្តសាល សំណង់ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។

របាយការណ៍ UNDP ប៉ាន់ប្រមាណថា កម្មវិធីធានាឥណទានសាធារណៈ នឹងផ្តល់នូវផលជាវិជ្ជមានយ៉ាងច្រើនដល់ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) របស់កម្ពុជា និងការបង្កើតការងារសម្រាប់វិស័យធំៗចំនួន ២ គឺ វិស័យកសិកម្ម និងបដិសណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន)។  របាយការណ៍នេះប៉ាន់ប្រមាណថា រៀងរាល់ការវិនិយោគ ១០០ លានដុល្លារ ក្នុងវិស័យកសិកម្ម នឹងនាំឱ្យមានការផ្តល់នូវតម្លៃបន្ថែមប្រមាណ ២២១ លានដុល្លារ ដល់ ផ.ស.ស. ដែលត្រូវបានកែសម្រួលទៅតាមអត្រាអតិផរណាក្នុងប្រទេស ឬ ផ.ស.ស. ពិត និងមានការបង្កើតការងារចំនួន ៤៨.៧៣៧ កន្លែង (១៧.៣៤៨ ការងារសម្រាប់ស្ត្រី)។ ផលដែលបានពីការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច ត្រូវបានប៉ាន់ស្មានថា មានប្រមាណជា ២០១ លានដុល្លារ ជាមួយនឹងសក្ដានុពលបង្កើតការងារចំនួន ១៦.២២៦ កន្លែង (១.១៣០ ការងារសម្រាប់ស្រ្តី)។

លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «សហគ្រិនជាស្ត្រីមិនទាន់ទទួលសេវាឱ្យបានគ្រប់គ្រាន់ពីប្រព័ន្ធហិរញ្ញវត្ថុនោះឡើយ។ បើទោះជា ៦១% នៃអាជីវកម្មទាំងអស់នៅកម្ពុជាមានម្ចាស់ជាស្ត្រីក៏ដោយ មានសហគ្រិនស្ត្រីត្រឹមតែ ៣% ប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលបានឥណទានជាផ្លូវការ (របាយការណ៍ធនាគារពិភពលោក ឆ្នាំ ២០១៩)[1]។ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមដែលមានម្ចាស់ជាស្ត្រី គឺជាធនធានដ៏សំខាន់សម្រាប់ការស្ដារឡើងវិញក្រោយការរាតត្បាតជាសកល និងធានាបាននូវវិបុលភាពនាពេលអនាគត។ កម្មវិធីធានាឥណទានសាធារណៈដែលមានភាពឆ្លើយតប នឹងចូលរួមដោះស្រាយភាពបរាជ័យនៃទីផ្សារឥណទាន ព្រមទាំងបញ្ហាប្រឈមជុំវិញលទ្ធភាពទទួលបានឥណទាន ដោយភាគីទី ៣ ជាអ្នកជួយកាត់បន្ថយហានិភ័យឥណទានដែលផ្តល់ទៅឱ្យអ្នកដែលខ្ចីបំណុលជាស្ត្រី ក្នុងករណីដែលពួកគេមិនអាចសងកម្ចីនេះបាន។  កម្មវិធីបែបនេះ ក៏លើកកម្ពស់ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងពង្រីកលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុ ដោយមិនចាំបាច់មានវត្ថុធានា ដែលស្ត្រីមានការខ្វះខាត ឬពុំមានគ្រប់គ្រាន់។»

លោកស្រី Chaker មានប្រសាសន៍ថា «UNDP​ និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត កំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិក្នុងការពន្លឿនការលើកកម្ពស់ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ស្រ្តី។ សហគ្រិនជាស្ត្រី ត្រូវបានលើកទឹកចិត្តឱ្យតាមដានព័ត៌មានស្តីពីសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុដែលមាននៅក្នុងទីផ្សារ ដូចជា កម្មវិធីធានាជាសាធារណៈជាដើម ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងពង្រីកជម្រើស ដើម្បីទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ខ្លួនឯង។»

លោក Wong Keet Loong ប្រធាននាយកប្រតិបត្តិនៃសាជីវកម្ម CGCC មានប្រសាសន៍ថា «CGCC ត្រូវបានបង្កើតឡើង កាលពីដើមឆ្នាំ ២០២១ ដោយមានបេសកកម្មផ្ដល់សេវាធានាឥណទាន និងលើកកម្ពស់ការទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន។ ផ្អែកតាមវឌ្ឍនភាពនៃការធានាឥណទានកន្លងមក សហគ្រាសភាគច្រើន ដែលទទួលបានកម្ចីមានការធានា គឺជាសហគ្រាសខ្នាតតូច និងមធ្យម  (៩៦%)។ ទោះជាយ៉ាងនេះក្ដី ក្នុងចំណោមអាជីវកម្មទាំងអស់ដែលបានទទួលបានកម្ចីមានការធានា មានត្រឹមតែ ២៥% ប៉ុណ្ណោះ ដែលគ្រប់គ្រងដោយស្ត្រី។ គម្រោងធានាឥណទានថ្មីរបស់ CGCC ដែលនឹងត្រូវប្រកាសផ្សព្វផ្សាយក្នុងសន្និបាតនៅថ្ងៃនេះ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ម្ចាស់អាជីវកម្ម MSMEs ជាស្ត្រី ក្នុងគោលបំណងបង្រួមគម្លាតហិរញ្ញប្បទាន រវាងសហគ្រិនជាស្ត្រី និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការនានា។»

តាមរយៈសន្និបាតនេះ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី បានចែករំលែកទស្សនៈយល់ឃើញ បញ្ហាប្រឈម និងបទពិសោធន៍របស់ពួកគេ ជុំវិញការទទួលបានហិរញ្ញប្បទាន។ អ្នកចូលរួមក៏មានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនឹងម្ចាស់អាជីវកម្មដទៃទៀត ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីចងក្រងបណ្ដាញទំនាក់ទំនងទៅវិញទៅមក ចែករំលែកព័ត៌មាន និងសហការគ្នានាពេលអនាគត។

UNDP ផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតប និងស្ដារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ការពង្រឹងសមត្ថភាពស្ថាប័នឲ្យមានភាពរឹងមាំ សេវាគាំពារសង្គម ការធ្វើឌីជីថលូបនីយកម្ម ការពន្លឿនការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកកម្ពស់ភាពធន់ទៅនឹងហានិភ័យអាកាសធាតុ ដោយមិនទុកនរណាម្នាក់ចោល។

អំពី UNDP

          UNDP  គឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិបាននាំមុខគេ ក្នុងការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ភាពអយុត្តិធម៌នៃភាពក្រីក្រ វិសមភាព និងការប្រែប្រួលអាកាសធាតុ។ តាមរយៈការធ្វើការងារជាមួយនឹងបណ្ដាអ្នកជំនាញនិងដៃគូយ៉ាងទូលំទូលាយរបស់ខ្លួនក្នុងប្រទេសចំនួន ១៧០ យើងជួយប្រទេសនានាក្នុងការកសាងនូវដំណោះស្រាយបែបរួមចម្រុះដែលមាននិរន្តរភាពយូរអង្វែងសម្រាប់មនុស្ស និងផែនដី។ សូមស្វែងយល់បន្ថែម តាម   រយៈ https://www.kh.undp.org/ ឬតាមដានព័ត៌មានពីយើងតាមរយៈ @UNDPCambodia។

អំពី CGCC

សាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia CGCC) CGCC)  គឺជាសហគ្រាសសាធារណៈ ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២០។ សាជីវកម្ម CGCC ដំណើរការក្រោមអាណាព្យាបាលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

[1] World Bank (2019). Exploring the Opportunities for Women-owned SMEs in Cambodia.