សេចក្តីប្រកាសព័ត៌មាន សាជីវកម្មធានាឥណទានកម្ពុជា ដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ទំហំ ៣០លានដុល្លារ

(រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី” ដែលមានទំហំសរុប ៣០លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះតទៅ ដើម្បីគាំទ្រដល់សហគ្រិនស្រ្តី ជាពិសេស សហគ្រិនស្ត្រីដែលខ្វះទ្រព្យបញ្ចាំនៅពេលស្នើសុំកម្ចី ឲ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការច្រើនជាងមុន និងងាយស្រួលជាងមុន សម្រាប់ទុនបង្វិល និងពង្រីកអាជីវកម្ម។

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ត្រូវបានរៀបចំឡើងស្របតាម “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន ដោយពង្រីកវិសាលភាពនៃការផ្តល់ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ។

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី មានគោលបំណងបង្រួមគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់ហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី និងអាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រី តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចីរហូតដល់ ៨០% នៃទំហំកម្ចី និងកម្រៃធានាឥណទានទាប សម្រាប់គ្រប់វិស័យ ជាមួយនឹងលក្ខខណ្ឌអនុគ្រោះផ្សេងៗទៀត។ គម្រោងនេះផ្តល់ការធានាឥណទាន លើគ្រប់ប្រភេទកម្ចី រួមមានកម្ចីមានកាលកំណត់ ឥណទានវិបារូបរ៍ ឥណទានពាណិជ្ជកម្ម។ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តីនេះ គឺជាគម្រោងធានាឥណទានទី៣ របស់ CGCC បានដាក់ឱ្យដំណើរការនាពេលកន្លងមក។  គិតត្រឹមចុងខែមីនា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានលើកម្ចីទៅកាន់ក្រុមហ៊ុនអាជីវកម្មជាង ៣០០ ដែលក្នុងនោះ អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមានប្រមាណ ៣០% នៃអាជីវកម្មសរុបដែលទទួលបានការធានាឥណទាន។ លោកអ្នកអាចទាញយកលក្ខខណ្ឌលម្អិតនៃគម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី តាមរយៈ https://bit.ly/3iRftBu

CGCC គឺជាសហគ្រាសសាធារណៈដែលផ្តល់ការធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ហើយដែលត្រូវបានបង្កើតឡើងដោយ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទាន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង CGCC តាមលេខទូរស័ព្ទ 023 722 123 ឬ ចូលទៅកាន់គេហទំព័រផ្លូវការរបស់ CGCC តាមរយៈ www.cgcc.com.kh

ទាញយកសេចក្តីប្រកាសព័ត៌មានជាភាសាខ្មែរ៖ Women Entrepreneurs Guarantee Scheme_PR_KH