សេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន រវាង សាជីវកម្មធានាឥណទានកម្ពុជា និង ស្ថាប័នហិរញ្ញវត្ថុចូលរួម ជុំទី ២

ថ្ងៃនេះ សាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួម ជុំទី២ ដែលរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ ប្រេដ ប៊ែង, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និង ធនាគារ ស្ថាបនា។​ ការចាប់ដៃគូជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាថ្ងៃនេះ នឹងធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួមរបស់សាជីវកម្មធានាឥណទានកម្ពុជា សរុបកើនឡើងដល់ចំនួន ១៥។ ការចុះហត្ថលេខានេះ អនុញ្ញាតឱ្យសាជីវកម្មធានាឥណទានកម្ពុជា និង ស្ថាប័នហិរញ្ញវត្ថុចូលរួម សហការគ្នាក្នុងការផ្តល់ឥណទានដែលមានការធានា ដល់ក្រុមហ៊ុនអាជីវកម្មនានានៅកម្ពុជា។

ការកើនឡើងនៃចំនួនស្ថាប័នហិរញ្ញវត្ថុចូលរួម នឹងធ្វើឱ្យការផ្តល់ហិរញ្ញប្បទានដែលមានការធានាកាន់តែមានភាពទូលំទូលាយ, ប្រកួតប្រជែង, ព្រមទាំងផ្តល់ជម្រើស និងលទ្ធភាពកាន់តែច្រើនជូនដល់ក្រុមហ៊ុនអាជីវកម្ម ក្នុងការទទួលបានហិរញ្ញប្បទាន ​នៅទូទាំង​ប្រទេស។​ សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម ដើម្បីផ្តល់ហិរញ្ញប្បទានជូនដល់ក្រុមហ៊ុនអាជីវកម្ម​ ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ដោយផ្តល់ការធានាដែលដើរតួជាទ្រព្យបញ្ចាំ ចន្លោះពី ៧០% ទៅ ៨០% នៃប្រាក់កម្ចី។ វត្តមានរបស់​សាជីវកម្មធានាឥណទានកម្ពុជា ធ្វើឱ្យក្រុមហ៊ុនអាជីវកម្ម មានលទ្ធភាពខ្ពស់ ក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម ទោះបីជាមិនមានទ្រព្យធានាគ្រប់គ្រាន់ក៏ដោយ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បានលើកឡើងថា “យន្តការធានាឥណទាន គឺជាសេវាហិរញ្ញវត្ថុថ្មីនៅកម្ពុជា ដែលរំពឹងថាអាចចូលរួមដោះស្រាយបញ្ហារាំងស្ទះដល់ការផ្តល់ហិរញ្ញប្បទាន និងនាំមកនូវទម្លាប់ថ្មីនៃការផ្តល់ឥណទានរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួម ចាប់យកឱកាសនៃភាពជាដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពមូលដ្ឋានអតិថិជន និងទីផ្សារឥណទានរបស់ខ្លួន តាមរយៈការផ្តល់ឥណទានថ្មីៗ ដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា។ ទន្ទឹមនេះ ដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នាក្នុងរយៈពេលវែងពីគម្រោងធានាឥណទាននេះ ការប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងការពង្រឹងអភិបាលកិច្ចរបស់ស្ថាប័នហិរញ្ញវត្ថុចូលរួម ក្នុងការវាយតម្លៃ និងត្រួតពិ​និត្យឥណទាន​របស់ក្រុមហ៊ុនអាជីវកម្ម គឺពិតជាមានសារៈសំខាន់ណាស់។”

CGCC បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ​ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ ២០២១ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតមីក្រូ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់ទុនបង្វិល, ការវិនិយោគ និងពង្រីកអាជីវកម្ម។ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានសុពលភាពរហូតដល់ចុងឆ្នាំ២០២២ ហើយការធានាឥណទាននឹងផ្តល់ជូនផ្អែកតាមគោលការណ៍ “មកមុន ទទួលបានមុន”។ រហូតមកដល់ពេលនេះ ការធានាចំនួន ១៨ករណី ត្រូវបានផ្តល់ជូនដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម ក្រោមគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម។

ក្រុមហ៊ុនអាជីវកម្មដែលមានគុណវុឌ្ឍិ អាចទំនាក់ទំនងស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់គម្រោងធានាឥណទាន ឬទំនាក់ទំនងសាជីវកម្មធានាឥណទានកម្ពុជា ដោយផ្ទាល់ តាមរយៈគេហទំព័រ www.cgcc.com.kh ដើម្បីទទួលបានព័ត៌មានបន្ថែម។ ស្ថាប័នហិរញ្ញវត្ថុចូលរួម ទាំង១៥ របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារ អេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ អាស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ប្រេដ ប៊ែង, ធនាគារ ប្រៃសណីយ៍កម្ពុជា,​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារ កាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី,​ ធនាគារ ហ្វីលីព,​ ធនាគារ ព្រីនស៍, ធនាគារ អ អេច ប៊ី,​ និង ធនាគារ ស្ថាបនា។​ 

 

ថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

ភ្នំពេញថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១